CIVIL RESISTANCE


My TREASON & INCITEMENT MASS TRIAL (Initial Page on Trial Matters)     TUESDAY, 14 JUNE 2022 VERDICT ANNOUNCEMENT Court Statement: Concluding Remarks ការការពារ ផ្លូវច្បាប់ របស់ខ្ញុំ  [ ... ]


CIVIC EDUCATION



ដំណឹងល្អ ​រៀប​រៀង​ដោយ លោក​លូកា ៨

 

Luke 8


ស្ត្រី ដែលបំរើព្រះយេស៊ូ

 

បន្ទាប់​មក​ទៀត, ព្រះយេស៊ូ​ យាង​ទៅ​ តាម​ក្រុង​ តាម​ភូមិ​នានា, ទាំង​ប្រកាស និង​ផ្សព្វផ្សាយ ​ដំណឹងល្អ អំពី​ ព្រះរាជ្យ ​របស់​ ព្រះជាម្ចាស់។  សាវ័កទាំង​ដប់ពីរ​រូប​ ទៅ​ជា​មួយ​ព្រះអង្គ, ហើយ ​មាន​ស្ត្រី​ខ្លះ​ទៀត​ ដែល​ព្រះអង្គ ​បាន​ប្រោស​អោយ​ជា​ ពី​ជំងឺ និង​បណ្ដេញ​ វិញ្ញាណ​អាក្រក់ ​ចេញ ក៏​តាម​ទៅ ​ជា​មួយ​ដែរ, គឺ​មាន​នាង​ម៉ារី ​ជា​អ្នក​ស្រុក​ម៉ាដាឡា ដែល​ព្រះអង្គ ​បាន​ដេញ​អារក្ស​ប្រាំពីរ ​ចេញ​ពី​នាង, នាង​យ៉ូអាន់ ភរិយា ​របស់​ឃូសា ជា​មហាតលិក ​របស់​ព្រះបាទ​ហេរ៉ូដ, នាង​ស៊ូសាន, ព្រម​ទាំង​ស្ត្រី​ឯ​ទៀតៗ ​ជា​ច្រើន ដែល​បាន​ចំណាយ​ធនធាន ​របស់​ខ្លួន  ដើម្បី​ទំនុក​បម្រុង​ព្រះយេស៊ូ និង​សិស្ស ​របស់​ព្រះអង្គ។

 

ប្រស្នា​អំពី​គ្រាប់​ពូជ

 

មាន​បណ្ដាជន​ច្រើន​ កុះករ​ ចេញ​ពី​ទីក្រុង​នានា មក​រក​ព្រះយេស៊ូ។  ព្រះអង្គ​ មាន​ព្រះបន្ទូល​ ជា​ប្រស្នា​ ដូច​ត​ទៅ៖

 

«មាន​បុរស​ម្នាក់ ​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។  ពេល​គាត់​ព្រោះ, មាន​គ្រាប់​ពូជ​ខ្លះ ​ធ្លាក់​ទៅ​លើ​ផ្លូវ  ត្រូវ​គេ​ដើរ​ជាន់, ហើយ ​សត្វ​មក​ចឹក​ស៊ី ​អស់​ទៅ។  មាន​គ្រាប់​ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី, ​មាន​ថ្ម កាល​ពន្លក​ដុះ​ឡើង, ក៏​ក្រៀម​ស្វិតទៅ​វិញ, ព្រោះ​ខ្វះ​ទឹក។  មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា។  បន្លា​ដុះ​ឡើង​ ជា​មួយ​គ្រាប់​ពូជ, ហើយ ​រួប​រឹត​គ្រាប់​ពូជ​នោះ​ មិន​អោយ​ដុះ​ឡើង​បាន។  មាន​គ្រាប់​ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​ មាន​ជីជាតិ​ល្អ, គ្រាប់​ពូជ​ ដុះ​ឡើង អោយ​ផល​មួយ​ជា​មួយ​រយ។»

 

ព្រះយេស៊ូ​ បន្លឺ​ព្រះសូរសៀង ​ថែម​ទៀត ​ថា៖ «អស់​អ្នក ​ដែល​ឮ​ពាក្យ​នេះ, សូម​យក​ទៅ ​ពិចារណា​ចុះ។»

 

ព្រះយេស៊ូ​ ពន្យល់​ពាក្យ​ប្រស្នា​ ស្ដី​អំពី​ គ្រាប់​ពូជ

 

សិស្ស ​របស់​ព្រះយេស៊ូ ទូល​សួរ​ ព្រះអង្គ​ថា៖ «តើ​ពាក្យ​ប្រស្នា​នោះ មាន​ន័យ​ដូច​ម្ដេច?»

 

ព្រះអង្គ ​មាន​ព្រះបន្ទូល ​តប​ថា៖ «ព្រះជាម្ចាស់​ បាន​ប្រោស​ ប្រទាន ​អោយ​អ្នក​រាល់​គ្នា យល់​គំរោងការ​ ដ៏​លាក់​កំបាំង​ នៃ​ព្រះរាជ្យ ​របស់​ព្រះអង្គ។  ចំពោះ​អ្នក​ដទៃ, ព្រះអង្គ​ ប្រើ​ជា​ពាក្យ​ប្រស្នា​វិញ។  ដូច្នេះ ទោះ​បី​ គេ​មើល ក៏​ពុំ​ឃើញ, ទោះ​បី ​គេ​ស្ដាប់ ក៏​ពុំ​យល់​ដែរ។  រីឯ​ ប្រស្នា​នោះ​ មាន​ន័យ​ដូច​ត​ទៅ៖ គ្រាប់​ពូជ​ ជា​ព្រះបន្ទូល​ របស់​ព្រះជាម្ចាស់។  មនុស្ស​ខ្លះ ប្រៀប​បី​ដូច​ ជា​ផ្លូវ ដែល​គ្រាប់​ពូជ​ធ្លាក់។  គេ​ បាន​ស្ដាប់​ ព្រះបន្ទូល, តែ​មារ​សាតាំង ​មក​ឆក់​យក​ពី​ចិត្ត​គេ ដើម្បី​កុំ​អោយ​គេ​ជឿ និង​កុំ​អោយ ​គេ​រួច​ជីវិត។  មនុស្ស​ខ្លះ​ទៀត ​ប្រៀប​បី​ដូច ​ជា​ដី​មាន​ថ្ម។  កាល​បាន​ស្ដាប់​ព្រះបន្ទូល​ហើយ, គេ​ ទទួល​យក​ដោយ​អំណរ។  ប៉ុន្តែ គេ​ជឿ​តែ​មួយភ្លែត, ពុំ​ទុក​អោយ​ព្រះបន្ទូល​ ចាក់​ឫស​ឡើយ។  គេ​ បោះ​បង់​ចោល​ ជំនឿ នៅ​ពេល​ណា​ មាន​ការ​ល្បួង។  គ្រាប់​ពូជ​ដែល​ធ្លាក់​ ទៅ​លើ​ដី​មាន​បន្លា ប្រៀប​បី​ដូច​ ជា​អស់​អ្នក ​ដែល​បាន​ស្ដាប់​ព្រះបន្ទូល​ តែ​ចិត្ត​ខ្វល់​ខ្វាយ, ចិត្ត​លោភលន់​ ចង់​បាន​ទ្រព្យសម្បត្តិ, និង​ចិត្ត​ស្រើបស្រាល, មក​រួប​រឹត​ផល​ផ្លែ​ មិន​អោយ​ទុំ​បាន​ឡើយ។  រីឯ​ គ្រាប់​ពូជ​ធ្លាក់​ ទៅ​លើ​ដី​ មាន​ជីជាតិ​ល្អ ប្រៀប​បី​ដូច​ ជា​អស់​អ្នក​ ដែល​ស្ដាប់​ព្រះបន្ទូល, ហើយ​ ចង​ចាំ​ទុក​ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត រហូត​ដល់​បាន​បង្កើត​ផល​ផ្លែ​ ជា​ច្រើន ដោយ​ចិត្ត​ស៊ូ​ទ្រាំ។

 

ប្រស្នា​ អំពី​ ចង្កៀង


«ពុំ​ដែល​មាន​នរណា​ អុជ​ចង្កៀង, ហើយ ​យក​ធុង​ មក​គ្រប​ពី​លើ, ឬ​យក​ទៅ​ដាក់ ​ក្រោម​គ្រែ​ឡើយ។  គេ ​តែង​យក​ចង្កៀង ទៅ​ដាក់​លើ​ជើង​ចង្កៀង ដើម្បី​បំភ្លឺ​ អស់​អ្នក​ ដែល​ចូល​ក្នុង​ផ្ទះ។  គ្រប់​ការ​លាក់​កំបាំង នឹងត្រូវ​បើក​អោយ​គេ​ដឹង, ហើយ​ គ្រប់​អាថ៌កំបាំង ក៏​នឹង​លេច​មក ​អោយ​មនុស្ស​គ្រប់​គ្នា​ ស្គាល់​ច្បាស់​ដែរ។  ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន​ អំពី​ របៀប​ដែល​អ្នក​រាល់​គ្នា​ ស្ដាប់, ព្រោះ​ អ្នក​ណា ​មាន​ហើយ, ព្រះជាម្ចាស់ ​នឹង​ប្រទាន​អោយ​ថែម​ទៀត។  ​តែ​ អ្នក​ណា​ ដែល​គ្មាន, ព្រះអង្គ ​នឹង​ហូត​យក​នូវ​អ្វីៗ ​ដែល​ខ្លួន​ស្មាន​ថា​មាន ​នោះ​ផង។»



មាតា
និង​បង​ប្អូន​ របស់​ ព្រះយេស៊ូ


មាតា និង​បង​ប្អូន​ របស់​ព្រះយេស៊ូ​ នាំ​គ្នា​ មក​រក​ព្រះអង្គ, ប៉ុន្តែ មិន​អាច​ចូល​ ទៅ​ជិត​ ព្រះអង្គ​បាន​ឡើយ, ព្រោះ​មាន​មនុស្ស​ច្រើន​ពេក។  មាន​គេ​ ទូល​ព្រះអង្គ ​ថា៖ «ម្ដាយ​លោក និង​បង​ប្អូន​លោក​ នៅ​ខាង​ក្រៅ, ចង់​ជួប​លោក។»

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​ ទៅ​គេ​ថា៖ «អស់​អ្នក ​ដែល​ស្ដាប់​ព្រះបន្ទូល​ របស់​ព្រះជាម្ចាស់, ហើយ​ ប្រតិបត្តិ​តាម, គឺ​អ្នក​នោះ​ហើយ ​ជា​ម្ដាយ និង​ជា​បង​ប្អូន​ របស់​ខ្ញុំ។»

 

ព្រះយេស៊ូ​ ធ្វើ​អោយ​ រលក​ស្ងប់

 

ថ្ងៃ​មួយ ព្រះយេស៊ូ ​យាង​ចុះ​ទូក ​ជា​មួយ​សិស្ស, ព្រះអង្គ ​មាន​ព្រះបន្ទូល ​ថា៖ «យើង​នាំ​គ្នា ​ឆ្លង​ទៅ​ត្រើយ​ម្ខាង។»

 

ពួក​សិស្ស ​ក៏​ចេញ​ទូក​ទៅ ​ជា​មួយ​ព្រះអង្គ។  ពេល​ឆ្លង​ទៅ​នោះ, ព្រះយេស៊ូ​ ផ្ទំ​លក់, ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​ បក់​បោក​យ៉ាង​ខ្លាំង មក​លើ​បឹង, បណ្ដាល​អោយ​ទឹក ​ជះ​ចូល​ពេញ​ទូក, ហើយ ​ទាំង​អស់​គ្នា ​ស្ថិត​ក្នុង​ភាព​អាសន្ន។  ពួក​សិស្ស​ ចូល​ទៅ​ជិត​ ព្រះយេស៊ូ​, ដាស់​ព្រះអង្គ ​ថា៖ «ព្រះគ្រូ!  ព្រះគ្រូ!  យើង​ស្លាប់​ឥឡូវ​ហើយ!»

 

ព្រះយេស៊ូ​ តើន​ឡើង, មាន​ព្រះបន្ទូល ​គំរាម​ខ្យល់​ព្យុះ និង​រលក​ យ៉ាង​ម៉ឺងម៉ាត់។  ខ្យល់​ព្យុះ និង​រលក​ ក៏​ស្ងប់, ហើយ ​ផ្ទៃ​ទឹក​ ក៏​រាប​ស្មើ ​ដូច​ធម្មតា​វិញ។

 

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​ ទៅ​ពួក​សិស្ស​ ថា៖ «ជំនឿ ​របស់​អ្នក​រាល់​គ្នា​ នៅ​ឯ​ណា?»

 

ពួក​សិស្ស​ ភ័យ​ស្ញប់ស្ញែង, ព្រម​ទាំង​ស្ងើច​សរសើរ​ផង។  គេ​ និយាយ​គ្នា ​ទៅ​វិញ​ទៅ​មក​ ថា៖ «តើ​លោក​នេះ ​មាន​ឋានៈ​អ្វី បាន​ជា​បញ្ជា ​ទៅ​ខ្យល់ និង​ទឹក, ហើយ ខ្យល់ និង​ទឹក​ ស្ដាប់​តាម​បង្គាប់​លោក ​ដូច្នេះ?»

 

ព្រះយេស៊ូ​ ប្រោស​បុរស​ អារក្ស​ចូល​ម្នាក់

 

ព្រះយេស៊ូ និង​សិស្ស បាន​មក​ដល់​ ក្រុង​គេរ៉ាស៊ីន ​នៅ​ត្រើយ​ម្ខាង ទល់​មុខ ​ស្រុក​កាលីឡេ។  កាល​ព្រះអង្គ​ យាង​ឡើង​គោក, មាន​បុរស​ម្នាក់​ ចេញ​ពី​ក្រុង ​មករក​ព្រះអង្គ។  គាត់​ មាន​អារក្ស​ចូល, ហើយ ​មិន​ស្លៀក​ពាក់, មិន​រស់​នៅ ​ក្នុង​ផ្ទះ​ តាំង​ពី​យូរ​មក​ហើយ, គឺ ​គាត់ ​ស្នាក់​នៅ​តែ​តាម​ទី​បញ្ចុះ​សព។

 

ពេល​គាត់​ឃើញ​ព្រះយេស៊ូ, គាត់​ក្រាប​ទៀប​ព្រះបាទា​ព្រះអង្គ, ហើយ ​ស្រែក​យ៉ាង​ខ្លាំង​ ថា៖ «ឱ​ព្រះយេស៊ូ​ ជា​ព្រះបុត្រា​ របស់​ព្រះជាម្ចាស់​ ដ៏​ខ្ពង់ខ្ពស់​បំផុត​អើយ!  តើ​ព្រះអង្គ​ ចង់​ធ្វើ​អ្វី​ ទូលបង្គំ?  សូម​មេត្តា​ កុំ​ធ្វើ​ទុក្ខ​ទោស​ ទូលបង្គំ​អី។»

 

វិញ្ញាណ​អាក្រក់​ ទូលអង្វរ​ដូច្នេះ ព្រោះ​ព្រះយេស៊ូ​ បាន​បញ្ជា​វា​ អោយ​ចេញ​ ពី​បុរស​នោះ។  វា​ចូល​គាត់​ច្រើន​លើក ​ច្រើន​សា​ មក​ហើយ។  គេ ​បាន​យក​ច្រវាក់ ចង​ដៃ ​ចង​ជើង​គាត់ និង​ដាក់​ខ្នោះ​ ទុក​មួយ​កន្លែង, តែ​គាត់ ​កាច់​ច្រវាក់​បាន, ហើយ ​អារក្ស​នាំ​គាត់ ​ទៅ​ទី​ស្មសាន។

 

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​ សួរ​ថា៖ «ឯង​ ឈ្មោះ​អី?»

 

វា​ ឆ្លើយ​ថា៖ «ទូលបង្គំ ​ឈ្មោះ​កងទ័ព។»  វា ​ឆ្លើយ​ដូច្នេះ ព្រោះ​មាន​អារក្ស​ ជា​ច្រើន​ ចូល​ក្នុង​បុរស​នោះ។  អារក្ស​ទាំង​នោះ ​បាន​ទទូច​អង្វរ ​ព្រះយេស៊ូ សូម​កុំ​អោយ ​ព្រះអង្គ ​បញ្ជូន​ពួក​វា ​ទៅ​នរក​អវិចី ​ឡើយ។  នៅ​ក្បែរ​នោះ​ មាន​ជ្រូក​មួយ​ហ្វូង​ធំ ​កំពុង​រក​ស៊ី​ តាម​ចង្កេះ​ភ្នំ។  ពួក​អារក្ស​ បាន​អង្វរ​ព្រះអង្គ សូម​អនុញ្ញាត ​អោយ​វា ​ចូល​ក្នុង​ជ្រូក​ទាំង​នោះ, ព្រះយេស៊ូ ​ក៏​អនុញ្ញាត​អោយ។  អារក្ស​ ចេញ​ពី​បុរស​នោះ ​ចូល​ទៅ​ក្នុង​ជ្រូក។  ហ្វូង​ជ្រូក ​បោល​ចុះ​តាម​ជំរាល​ភ្នំ តម្រង់​ទៅ​បឹង, លង់​ទឹក ​ងាប់​អស់​ទៅ។


ពេល​អ្នក​ថែរក្សា​ហ្វូង​ជ្រូក ​ឃើញ​ហេតុការណ៍​កើត​ឡើង​ដូច្នេះ ក៏​រត់​យក​រឿង​នេះ​ ទៅ​ប្រាប់​អ្នក​នៅ​ទីក្រុង និង​អ្នក​នៅ​ស្រុក​ស្រែ។  មនុស្សម្នា​ នាំ​គ្នា​ ចេញ​ទៅ​មើល ​ហេតុការណ៍​នោះ។  គេ ​ចូល​មក ​រក​ព្រះយេស៊ូ, ​ឃើញ​បុរស ​ដែល​អារក្ស​ ចូល​ពី​មុន អង្គុយ​នៅ​ទៀប​ព្រះបាទា​ព្រះអង្គ,  គាត់​ស្លៀក​ពាក់, ​ដឹង​ស្មារតី ​ដូច​ធម្មតា, គេ ​ក៏​ស្ញែង​ខ្លាច​ព្រះអង្គ។  អស់​អ្នក ​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក នាំ​គ្នា​ រៀប​រាប់ ​អំពី​របៀប ​ដែល​ព្រះយេស៊ូ​ ប្រោស​បុរស​អារក្ស​ចូល​នោះ ​អោយ​បាន​ជា។  អ្នក​ស្រុក​នៅ​តំបន់​ គេរ៉ាស៊ីន ​ទាំង​អស់ អង្វរ​ព្រះយេស៊ូ ​អោយ​ចាក​ចេញ ​ពី​ស្រុក ​ភូមិ​របស់​គេ, ដ្បិត ​គេ ​ភ័យ​ខ្លាច​ខ្លាំង​ណាស់។  ព្រះយេស៊ូ​ ក៏​យាង​ចុះ​ទូក ​ត្រឡប់​ទៅ​វិញ។

 

បុរស​ ដែល​អារក្ស​ចូល​ពី​មុន​នោះ បាន​អង្វរ​ សុំ​នៅ​ជា​មួយ​ព្រះអង្គ​ដែរ, ប៉ុន្តែ ព្រះយេស៊ូ ​មិន​យល់​ព្រម​ទេ។  ព្រះអង្គ​ មាន​ព្រះបន្ទូល ​ថា៖ «ចូរ​អ្នក ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ, ហើយ​ រៀប​រាប់​ហេតុការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះជាម្ចាស់​ បាន​ប្រោស​ដល់​អ្នក។»

 

បុរស​នោះ ​ចេញ​ទៅ, ប្រកាស​ប្រាប់ ​អោយ​អ្នក​ក្រុង ​ដឹង​អំពី​ការ​ទាំង​អស់ ​ដែល​ព្រះយេស៊ូ ​បាន​ ប្រោស​ដល់​គាត់។

 

ព្រះយេស៊ូ​ ប្រោស​ស្ត្រី​ មាន ជំងឺ​ធ្លាក់​ឈាម ​អោយ​ជា, និង​ប្រោស ​កូន​ស្រី​លោក​យ៉ៃរូស​ អោយ​រស់​ឡើង​វិញ

 

ពេល​ព្រះយេស៊ូ​ យាង​ត្រឡប់​ មក​ពី​ត្រើយ​ម្ខាង​វិញ, បណ្ដាជន​ នាំ​គ្នា​មក​ទទួល​ព្រះអង្គ, ព្រោះ​គេ​ ចាំ​មើល​ផ្លូវ​ព្រះអង្គ​ គ្រប់ៗ​គ្នា។  មាន​អ្នក​ទទួល​ខុស​ត្រូវ​ លើ​សាលា​ប្រជុំម្នាក់ ឈ្មោះ​យ៉ៃរូស​ចូល​មក​ជិត​ព្រះយេស៊ូ, ​ក្រាប​ទៀប​ព្រះបាទា​ព្រះអង្គ, អង្វរ​ សូម​ព្រះអង្គ​ យាង​ទៅ​ផ្ទះ​គាត់, ដ្បិត​គាត់​មាន​កូន​ស្រី​តែ​មួយ, អាយុ​ប្រហែល​ដប់ពីរ​ឆ្នាំ, កំពុង​ឈឺ ជិត​ស្លាប់។  កាល​ព្រះយេស៊ូ​ យាង​ទៅ, នៅ​តាម​ផ្លូវ​ មាន​មហាជន ​ប្រជ្រៀត​គ្នា​ ជុំវិញ​ព្រះអង្គ។  ពេល​នោះ, មាន​ស្ត្រី​ម្នាក់ កើត​ជំងឺ​ធ្លាក់​ឈាម​ ដប់ពីរ​ឆ្នាំ​ មក​ហើយ។  នាង ​បាន​ចំណាយ​ទ្រព្យសម្បត្តិ ​ដែល​នាង​មាន​ទាំង​ប៉ុន្មាន  ដើម្បី​អោយ​គ្រូ​ពេទ្យ ​ព្យាបាល, តែ​គ្មាន​គ្រូ​ពេទ្យ​ណា ​អាច​មើល​នាង​ជា​បាន​ឡើយ។  នាង​មក​ពី​ក្រោយ​ព្រះយេស៊ូ, ហើយ​ ពាល់​ជាយ​ព្រះពស្ដ្រ​ព្រះអង្គ, ស្រាប់​តែ​ឈាម​ ឈប់​ធ្លាក់​ មួយ​រំពេច។

 

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​ សួរ​ថា៖ «នរណា​ ពាល់​ខ្ញុំ?»

 

គេ​ប្រកែក​គ្រប់​គ្នា ​ថា, គេ​ មិន​បាន​ពាល់​ព្រះអង្គ​ទេ។  លោក​ពេត្រុស ​ទូល​ថា៖ «ព្រះគ្រូ​អើយ,  បណ្ដាជន ​ប្រជ្រៀត​គ្នា ​នៅ​ជុំវិញ​ព្រះគ្រូ, ហើយ ​គេ​ប៉ះ​ព្រះគ្រូ ​ទាំង​អស់​គ្នា។»

 

ប៉ុន្តែ ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​ថា៖ «មាន​ម្នាក់​ពិត​ជា​បាន​ពាល់​ខ្ញុំ, ព្រោះ​ខ្ញុំ​ ដឹង​ថា​ មាន​ឫទ្ធានុភាព​មួយ​ ចេញ​ពី​ខ្លួន​ខ្ញុំ​ទៅ។»

 

ស្ត្រី​នោះ​ មក​ក្រាប​ទៀប​ព្រះបាទា​ព្រះយេស៊ូ, ទាំង​ញ័រ​រន្ធត់​ ព្រោះ​ដឹង​ថា​ ខ្លួន​លាក់​រឿង​នេះ ​មិន​ជិត។  នាង​ ទូល​ព្រះអង្គ​ នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល អំពី​ហេតុ ​ដែល​នាំ​អោយ​នាង​ពាល់​ព្រះអង្គ, ហើយ​ នាង​បាន​ជា​ ពី​ជំងឺ​ភ្លាម។

 

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ!  ជំនឿ ​របស់​នាង​ បាន​សង្គ្រោះ​នាង​ហើយ។  សូម​អញ្ជើញ​ទៅ​ ដោយ​សុខសាន្ត​ចុះ។»

 

កាល​ព្រះយេស៊ូ​ កំពុង​តែ​មាន​ព្រះបន្ទូល​នៅ​ឡើយ មាន​បុរស​ម្នាក់​ មក​ពី​ផ្ទះ​លោក​យ៉ៃរូស ជំរាប​គាត់​ថា៖ «កូន​ស្រី​លោក​ផុត​ដង្ហើម​ទៅ​ហើយ។  សូម​កុំ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី​ទៀត។»

 

ព្រះយេស៊ូ ​ឮ​ពាក្យ​បុរស​នោះ​, ព្រះអង្គ​ មាន​ព្រះបន្ទូល​ ទៅ​លោក​យ៉ៃរូស​ថា៖ «កុំ​ខ្លាច​អី, អោយ​តែ​លោក​ជឿ កូន​លោក​ នឹង​បាន​រួច​ជីវិត​ពុំខាន។»

 

លុះ ​ព្រះអង្គ​ យាង​ទៅ​ដល់​ផ្ទះ​ហើយ, ព្រះអង្គ មិន​អនុញ្ញាត​អោយ​អ្នក​ណា​ ចូល​ជា​មួយ​ឡើយ លើកលែង​តែ​លោក​ពេត្រុស, លោក​យ៉ូហាន, លោក​យ៉ាកុប, និង​ឪពុក ម្ដាយ​ក្មេង​ស្រី​នោះ​ប៉ុណ្ណោះ។

 

អ្នក​ដែល​នៅ​ទី​នោះ ​យំ​សោក ​អាណិត​ក្មេង​នោះ ​គ្រប់ៗ​គ្នា, តែ​ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​ថា៖ «កុំ​យំ​អី, នាង ​មិន​ស្លាប់​ទេ។  នាង ​គ្រាន់​តែ​ដេក​លក់​ទេ​តើ។»

 

គេ​ ចំអក​ដាក់​ព្រះអង្គ ដ្បិត​គេ​ ដឹង​ច្បាស់​ថា​ នាង​បាន​ស្លាប់​ពិត​មែន។  ព្រះយេស៊ូ​ ចាប់​ដៃ​ក្មេង​ស្រី​នោះ, ហើយ​ បន្លឺ​ព្រះសូរសៀង​ យ៉ាង​ខ្លាំង​ថា៖ «នាង​អើយ, ក្រោក​ឡើង!»

 

រំពេច​នោះ ព្រលឹង​នាង​ ក៏​ត្រឡប់​មក​វិញ, ហើយ​ នាង​ក្រោក​ឡើង​ភ្លាម។  ព្រះយេស៊ូ​ សុំ​អោយ​គេ​យក ​ចំណី​អាហារ​ មក​អោយ​នាង បរិភោគ។  ឪពុក ម្ដាយ​ របស់​នាង​ ងឿងឆ្ងល់​ក្រៃលែង, តែ​ព្រះយេស៊ូ​ ហាម​គេ ​មិន​អោយ​ប្រាប់​នរណា​ ដឹង​រឿង​នេះ​ឡើយ។

 

 

 


Luke

1 2 3 4 5 6 7 8 9 10 11 12 13 14 15

16 17 18 19 20 21 22 23 24








 



 

Theary's BLOG

Published Articles of Vietnamization

Vietnamization: Military Occupation - Present
1 | 2 | 3 | 4 | 5 | 6 | 7 Francois Ponchaud, a French Jesuit who had diligently chronicled the destructiveness of the Khmer Rouge in his book "Cambodia: Year Zero," maintained that the Vietnamese were conducting a [ ... ]


Translator

English Afrikaans Albanian Arabic Armenian Azerbaijani Basque Belarusian Bulgarian Catalan Chinese (Simplified) Chinese (Traditional) Croatian Czech Danish Dutch Estonian Filipino Finnish French Galician Georgian German Greek Haitian Creole Hebrew Hindi Hungarian Icelandic Indonesian Irish Italian Japanese Korean Latvian Lithuanian Macedonian Malay Maltese Norwegian Persian Polish Portuguese Romanian Russian Serbian Slovak Slovenian Spanish Swahili Swedish Thai Turkish Ukrainian Urdu Vietnamese Welsh Yiddish